繁體中文 柬埔寨潮人海外联谊会 官方网站
  • 移动端

  • 微信

  • 微博

  • ភាសា​ខ្មែរ English News

    当前位置:首页 > ភាសា​ខ្មែរ

    មិត្តភាពកម្ពុជា-ចិន ៖ បោះជំហានពីកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆ្ពោះទៅសហគមន៍រួមជោគវាសនាក្នុងយុគសម័យថ្

    2023-08-25 00:34:15 来源: 柬埔寨潮人海外联谊会

    មិត្តភាពកម្ពុជា-ចិនដែលមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំបានវិវឌ្ឍរីកចម្រើននិងស៊ីជម្រៅជាបន្តបន្ទាប់ទោះសម័យកាលមានការផ្លាស់ប្តូរបែបណាឬនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ។

     

    របត់ដ៏ធំបំផុតនៃទំនាក់ទំនងរវាងកម្ពុជានិងចិនគឺការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរនិងពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស្របតាមគោលការណ៍សមភាព មិត្តភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

     

    រយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនបានរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលធ្វើឱ្យចំណងមិត្តភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ទំនុកចិត្តខ្ពស់ផ្នែកនយោបាយបានក្លាយជាមូលដ្ឋានគ្រឹះក៏រឹងមាំនៃចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ដែលពុំធ្លាប់កើតមានជម្លោះថ្នាំងថ្នាក់ឬសកម្មភាពអរិភាពណាមួយនោះឡើយ ។

     

    ជាពិសេស ក្នុងគ្រាដែលសមភាគីជួបនឹងទុក្ខលំបាក ភាគីម្ខាងទៀតរមែងតែជួយយកអាសាមិនដែលខាននោះឡើយ ។ ជាឧទាហរណ៍ដូចជាក្នុងពេលដែលប្រទេសចិនកើតមានគ្រោះទឹកជំនន់ឬគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ព្រះករុណា ព្រះបរមរតនកោដ្ឋ , ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាវរក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាបានព្រះរាជទានព្រះរាជ្យទ្រព្យនិងបរិច្ចាគថវិកាដល់រដ្ឋាភិបាលនិងប្រជាជនចិន ។ ចំណែកឯប្រទេសចិនវិញបានផ្តល់ជំនួយដល់កម្ពុជាក្នុងគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជាបានកកើតឡើងក្រោមជំនួយរបស់មិត្តចិន ។

     

    ឈានចូលយុគសម័យថ្មី តម្រូវការខាងការអភិវឌ្ឍនៃប្រទេសទាំងពីរក៏វិវឌ្ឍទៅតាមសម័យកាលផងដែរ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស្អិតល្មួត ហើយជំនួយរបស់មិត្តចិនចំពោះកម្ពុជាក៏គ្របដណ្តប់លើវិស័យកាន់តែច្រើន ក្នុងនោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាក្រោមការវិនិយោគដោយក្រុមហ៊ុនចិនបានអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២២ និងមាន​ការចុះ​ MoU​ ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ចម្ងាយ​ ១៣៨ គីឡូម៉ែត្រ ដែល​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​ ២ ​ផងដែរ​ ។

    គម្រោងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-ចិនមួយទៀតគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ។ ពិធីបើកនិងបិទនៃព្រឹត្តិការណ៍កីឡាទាំងពីរនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដែលមានការរួមចំណែកពីបច្ចេកទេសដ៏ជឿនលឿនទាំងខាងសំឡេង និងភ្លើងពណ៌ជាដើមរបស់ប្រទេសចិន ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតទៅកូនចៅជំនាន់ក្រោយ ។

     

    រឿងរ៉ាវជាច្រើនក្នុងយុគសម័យថ្មីបានរំលេចពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរកម្ពុជានិងចិន ។ គេនៅចាំបានយ៉ាងច្បាស់ថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងខណៈពេលដែលជំងឺកូវីដ-១៩ បានចាប់ផ្តើមផ្ទុះរាលដាលខ្លាំងនៅប្រទេសចិន ដែលប្រទេសមួយចំនួនបានជម្លៀសប្រជាពលរដ្ឋចេញពីប្រទេសចិនឬផ្អាកជើងហោះហើរជាមួយចិននោះ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាថ្នាក់ដឹកនាំបរទេសរូបដំបូងបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងបរិបទកូវីដ ដែលនាំឱ្យប្រជាជនទូទាំងប្រទេសចិនមានក្តីរំភើបនិងនាំគ្នាបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីថ្លែងអំណរគុណចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំគ្នាហៅសម្តេចតេជោថា «បុរសសង្ហាដើរបញ្ច្រាសទិស» ហើយពាក្យថា«មិត្តដែកថែប»បានត្រូវប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសទាំងពីរ ។

     

    ៣ ឆ្នាំក្រោយមក ពោលគឺនៅដើមឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចជាថ្មីម្តងទៀតលើទឹកដីចិន ។ ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានឯកភាពគ្នាស្តីពីការអភិវឌ្ឍ​ក្របខណ្ឌកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់លើវិស័យចំនួន ៦ រួមមាន៖ នយោបាយ , ផលិតកម្ម , កសិកម្ម , ថាមពល , សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពោលគឺ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរក្នុងកម្រិតថ្មីមួយទៀត ។

     

    ផ្តើមចេញពីចំណងមិត្តភាពជិតពីរពាន់ឆ្នាំ ដល់ការបង្កើតចំណងការទូត រហូតដល់ការក្លាយជា«មិត្តដែកថែប» និងឆ្ពោះទៅរកកិច្ចសហប្រត្តិបត្តិការត្បូងពេជ្រ ទំនាក់ទំនងរវាងកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនជាលំដាប់ ភាគីទាំងពីរមានទំនុកចិត្តខ្ពស់ខាងយុទ្ធសាស្ត្រនិងនយោបាយទៅវិញទៅមក យុទ្ធសាស្ត្រអភិវឌ្ឍន៍មានភាពស៊ីចង្វាក់គ្នាខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រទៅវិញទៅមកលើកិច្ចការអន្តរជាតិ បញ្ហាយកចិត្តទុកដាក់រួម និងបញ្ហាស្នូលនៃសមភាគី គោរពអធិបតេយ្យភាពរវាងគ្នានិងគ្នាយ៉ាងប្រាកដប្រជា ធ្វើឱ្យដួងចិត្តនៃប្រជាជនតភ្ជាប់គ្នាយ៉ាងស្អិតល្មួត ។ ដំណើរឆ្ពោះទៅរកការរួមគ្នាកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនក្នុងយុគសម័យថ្មីមានភាពរលូន ដែលក្លាយជាគំរូភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសធំនិងប្រទេសតូច ក៏ដូចជាចំណងមិត្តភាពដែលមានជោគវាសនារួម ៕

     

    អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

    声明

    1、凡本网注明“柬埔寨潮人海外联谊会”,所有自采新闻、视频(含图片),如需授权转载应在授权范围内使用,并注明来源。

    2、部分内容转自其他媒体,转载目的在于传递更多信息,并不代表本网赞同其观点和对其真实性负责。

    3、如因作品内容、版权和其他问题需要同本网联系的,请在30日内进行。联系电话:+855-12448224(中文) +855-12263001 秘书处邮箱:qsgjcm@126.com

    热门

    推荐

    排行



    关于我们 | 版权声明 | 招聘信息 | 广告服务 | 联系我们

    Copyright © 2023 www.Cambodiaclh.com 版权所有:柬埔寨潮人海外联谊会 All Rights Reserved

    本会会址:柬埔寨王国金边市217号路,奥林匹亚城S5 23A-S5 25.

    ADD:S5,No:23A-S5 ,25,St217,Olympia City,Phnom Penh,Cambodia

    如有侵权,敬请告知我们,我们将及时删除,本站文章欢迎转载,转载请注明来源!

    秘书处邮箱:qsgjcm@126.com 邮箱:jpzcrhwlyh@gmail.com

    电话:+855-12448224 秘书处邮箱:qsgjcm@126.com